ការស្រមើស្រមៃ

ជីវិត​មិនអាច​រស់​នៅ​​ដោយ​គ្មាន​ក្តីស្រមៃ​បានទេ!

ការស្រមើស្រមៃ​ពុំ​មែនជា​ការ​ពិត​នោះទេ ក៏ប៉ុន្តែ​វា​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការពិតទាំងឡាយ​ដែល​យើង​ឃើញ​នាពេល​បច្ចុប្បន្ន​។ អ្វីៗ​ដែល​សង្គម​របស់យើង​កំពុង​មាន​នាពេលសព្វថ្ងៃ គឺ​សុទ្ធតែ​កើតឡើង​ចេញពី​ការស្រមើស្រមៃ​។ វាបាន​និង​កំពុងតែ​រុញ​កង់សង្គម​មនុស្ស​​ទៅមុខ​ជានិច្ច។ ដរាបណា​ដែល​សង្គម​មនុស្ស​​នៅ​តែ​មាន​ក្តីស្រមៃ​ ការ​រីកចម្រើ​ន​នឹង​នៅ​តែ​កើត​ឡើង​ដោយ​មិន​ជិនណាយឡើយ។ តើ​ហេតុអ្វី​យើង​ត្រូវ​មាន​ការ​ស្រមើស្រមៃជានិច្ច​ ទោះបី​យើង​កំពុង​បរា​ជ័យ​ កំពុង​ជាប់គាំងក្នុង​ឧបសគ្គ ឬ​កំពុង​មាន​វ័យ​ចំណាស់ទៅហើយ​នោះ?

ទីមួយ ការស្រមើស្រមៃ​អាច​ធ្វើ​ឱ្យ​យើង​នៅ​ក្មេង​ជានិច្ច។ ប្រសិនបើអ្នក​មើល​ត្រឡប់ទៅក្រោយវិញ កាលពី​ក្មេង​​ អ្នក​មានការ​ស្រមើស្រមៃ​មិនតិច​នោះទេ។ ការស្រមើស្រមៃ​គឺជា​​កត្តា​មួយ​ដែល​បង្ហាញថា​អ្នកចង់លូតលាស់ ចង់ចម្រើន ចង់ធំធាត់។ ពេល​យើង​នៅក្មេង ចន្លោះ​ដើម្បី​លូតលាស់ទៅមុខ​គឺ​មាន​ទំហំធំធេង ដូច្នេះទើប​យើង​បង្កើត​ការ​ស្រមើ​ស្រមៃ​ដើម្បី​ចង់​បំពេញ​ចន្លោះ​ដ៏ធំធេង​នោះ។ ប៉ុន្តែ​នៅពេល​យើង​មាន​អាយុកាន់តែច្រើន យើងគិតថាខ្លួន​ចាស់ហើយ គិតថា​ខ្លួន​មាន​ពេលតិច​ដើម្បីរស់បន្តទៀត​ ដូច្នេះ​យើងក៏លែង​ហ៊ាន​ស្រមើស្រមៃ​ដូច​មុនទៀត។ ការ​ឈប់​ស្រមៃ​ គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា អ្នក​ទទួលស្គាល់ថាខ្លួន​ចាស់។ ដូចនេះ ចូរ​ធ្វើ​ការ​ស្រមើស្រមៃ​បន្តទៀត ដោយមិនចាំបាច់​ត្រូវ​ខ្វល់​ពី​អាយុ​របស់អ្នក។ ឱ្យ​តែ​អ្នក​នៅ​តែ​ស្រមើស្រមៃ​ពី​អនាគត​ដ៏​អស្ចារ្យ អ្នក​នៅតែ​ក្មេង​ជានិច្ច។

ទីពីរ ក្តីស្រមៃ​អាច​ធ្វើ​ឱ្យ​អ្នករស់រវើក។ ការបាត់បង់ក្តីស្រមៃ គឺប្រៀបដូចជា​ការ​បាត់​បង់​សិល្បៈ​មួយ​ដែល​​ធ្លាប់តែ​ផ្តល់​រសជាតិ​ឱ្យ​ជីវិត។​ ទោះបី​ជា​អ្នក​កំពុងជួប​ស្ថានភាពសោះកក្រោះ​ក្នុង​ជីវិត​ក៏ដោយ តែ​អ្នក​នៅតែ​អាចស្រមើស្រមៃ​មើល​ជីវិត​ដ៏អស្ចារ្យនាពេល​អនាគត។ ការស្រមើស្រមៃ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​សេរីភាព និងមានក្តីសង្ឃឹមចំពោះ​អនាគត​។ អ្នករស់នៅ​ក្នុង​បច្ចប្បន្នភាពប្រកប​ដោយ​ស្មារតី​រស់រវើក​ ក៏ព្រោះ​តែ​អ្នក​មាន​ក្តីសង្ឃឹម​ថា​នឹង​ទទួលបាន​ជីវិត​ដ៏​អស្ចារ្យ​មួយ​នាពេលខាងមុខ។

ទីបី ការស្រមើស្រមៃ​អា​ច​ធ្វើ​ឱ្យ​អ្នក​ទទួល​ភាព​ជោគជ័យ​បាន​កាន់តែច្រើន។ ក្តីស្រមៃ​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​អ្នក​ចង់បាន​បន្ថែមទៀត។ ឱ្យ​អ្នក​តែ​អ្នក​​នៅតែ​បន្តចង់បាន​ ភាគច្រើន​អ្នកនឹង​ទទួល​វាបាន​កាន់តែ​ច្រើន​ទៅតាម​នោះ​ដែរ ព្រោះវាជាក្តីសង្ឃឹមដែលធ្វើ​អ្នក​ចាប់ផ្តើម​សកម្មភាព​ដើម្បីសម្រេចវា។

សូម​កុំ​ឈប់ស្រមើស្រមៃ​ក៏ព្រោះតែ​អ្នកបរាជ័យ ជាប់គាំង​ក្នុង​ជីវិត ឬក៏ព្រោះ​តែ​អ្នកមាន​វ័យ​ចំណាស់​ឱ្យ​សោះ។ ការស្រមើស្រមៃ​ គឺ​ជា​សេរីភាព ហើយ​គ្រប់គ្នា​អាច​ធ្វើ​វាបាន​។ ឱ្យ​តែ​អ្នក​នៅ​មាន​ការស្រមើស្រមៃ ជីវិត​អ្នក​ក៏​នឹង​នៅតែ​រស់រវើក​ប្រកបដោយ​ក្តីសង្ឃឹមជានិច្ច។ ការស្រមើស្រមៃ​ អាច​លើក​កម្លាំងចិត្ត​អ្នក​បាន​គ្រប់វិនាទី។

នីពន្ធ ៖ ដោ នីដា

Comments

Leave a comment