របៀបសល់លុយ …

តើធ្វើយ៉ាងណាទើបអ្នកសល់លុយច្រើន?

បញ្ហាហិរញ្ញវត្ថុ ​បាន​ក្លាយ​ជា​​បញ្ហា​​ដែល​បង្កើត​ស្រ្តេស​ខ្លាំងណាស់​នៅក្នុង​សង្គម​សម័យទំនើប​នេះ​។ ​ភាគ​ច្រើន​នៅ​ក្នុង​ចំណោម​ពួក​យើង​ មិនដែល​ប្រាថ្នា​ចង់​ក្លាយ​ជា​កំពូល​អ្នកមាន ឬ​ជា​ Elon Musk ទីពីរ​អ្វី​នោះ​ឡើយ​។ អ្វី​ដែល​យើង​ប្រាថ្នា​ចង់​បាន​ គឺ​សេរីភាព​ផ្នែក​ហិរញ្ញ​វត្ថុ​។ យើង​មិន​ចង់​ដេក​ព្រួយ​បារម្ភ​រឿង​លុយកាក់​ទេ​​នៅពេល​យើង​ចាស់ឡើង ជា​វ័យ​ដែល​យើង​មិនអាច​ធ្វើការ​បាន។

ទោះបី​បាន​ដឹង​អំពី​សារៈសំខាន់​របស់លុយ​ និង​កំពុង​តែ​ខំប្រឹង​ធ្វើការ​ដើម្បី​​រក​ចំណូល​ផ្សេងៗ​ក៏ដោយ​ យើង​កម្រ​សិក្សា​រៀន​សូត្រ​ទាក់ទង​នឹង​ប្រធាន​បទ​នេះ​ខ្លាំង​ណាស់។ សូម្បីតែ​វាគ្មិន​និយាយ​អំពី​បញ្ហា​លុយកាក់​ក៏ដោយ យើង​ភាគ​ច្រើន​គឺ​មិនចូលចិត្ត​ស្តាប់​នោះទេ។​ យើង​គិត​ថា​ខ្លួន​ចេះ​ហើយ​ទាក់ទង​នឹង​រឿង​ហិញ្ញវត្ថុ ហើយ​ចំណេះ​ដឹង​របស់​យើង​គឺ​គ្មាន​អ្វីក្រៅពី​ការ​សន្សំ​លុយ​នេះ​នោះ​ឡើយ ឬ​និយាយ​ឱ្យ​ចំតែ​ម្តង គឺ “ការ​ដកប្រាក់​ ១០% មក​សន្សំ​នា​ពេល​ចុងខែ​ម្តងៗ”

មែន​ហើយ​ ទស្សនៈ​វិជ្ជា​នេះ​ គឺ​ល្អ​បំផុត​ទាក់ទង​នឹង​វិស័យ​ហិរញ្ញ​វត្ថុ។ ការ​ដក​លុយ ១០%​ មក​សន្សំ​គឺ​ជា​ទស្សនៈ​វិជ្ជា​ដែល​មាន​អាយុកាល​រាប់ពាន់ឆ្នាំ​មកហើយ​ តាំង​ពី​សម័យ​ចក្រភព​បាប៊ីឡូន​មក​ម្ល៉េះ ហើយ​ក្បួន​នេះ​​នៅ​តែ​ប្រើប្រាស់​រហូត​មក​ទល់សព្វថ្ងៃ។ តាមពិត​ បើ​យើង​អាច​អនុវត្ត​តាម​ទស្សនៈ​វិជ្ជា​នេះ​បាន ជីវិត​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង​រីកចម្រើន​បន្តិច​ម្តងៗ។ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា​ យើង​មិន​អាច​អនុវត្ត​វា​បាន​។ វា​សាមញ្ញ តែ​មិនងាយ​ស្រួល​ឡើយ​ ជាពិសេស​នៅពេល​ប្រាក់ចំណូល​របស់យើង​មាន​ចំនួន​តិច​តួច​ បាន​ត្រឹម​​មួយ​ចាយៗ។ យើង​ក៏​ធ្លាប់​សាកល្បង​ជា​ច្រើន​ដង​មក​ហើយ​ តែ​វា​មិន​ដំណើរការទេ។ ពេល​បើក​ប្រាក់ខែ​ យើង​ប្រាប់​​ខ្លួន​ឯង​ថា​ យើង​នឹង​ដក​ ១០% ដើម្បី​សន្សំ​ទុក​ ប៉ុន្តែ​មិន​ទាន់​ដល់​ចុង​ខែ​ផង យើង​ក៏ដក​វា​យក​មក​ចាយ​វិញ។ យើង​បាន​ធ្វើ​បែបនេះ​ច្រើន​ដង​ណាស់​មក​ហើយ​ មែន​ដែរ​ទេ? ពេល​វា​ក្លាយ​ទៅ​ជា​ទម្លាប់ យើង​មិន​ដកលុយ​ ១០% ដើម្បី​សន្សំ​នោះ​ទេ តែ​ដើម្បី​ទុក​ចាយ​នៅ​ពេល​ចុង​ខែ។​

បញ្ហា​ហិរញ្ញ​វត្ថុ​មិនមែន​ទាក់ទង​នឹង​បញ្ហា​លុយកាក់​តែម្យ៉ាងនោះឡើយ។ ភាគ​ច្រើន​​វា​ទាក់ទង​នឹង​អាកប្បកិរិយា​ផ្នែក​ហិរញ្ញ​វត្ថុ​របស់យើង។ យើង​មាន​ផ្នត់​គំនិត​គិតថា ការ​អាច​គ្រប់គ្រង​លុយ​បាន​ គឺអាច​ដោះ​ស្រាយ​បញ្ហា​បាន​ ប៉ុន្តែ​ជាក់ស្តែង​ វាមិន​ងាយ​ស្រួល​បែប​ហ្នឹង​ឡើយ។ ឧទាហរណ៍ ពេល​យើង​បាន​ប្រាក់ខែ​ ២០០ដុល្លារ យើង​ចាយ​សល់ថ្ងៃ​។ ក្រោយមកពេល​យើង​បាន​ប្រាក់ខែ ២៥០ដុល្លារ យើង​នៅតែ​ចាយ​លុយ​សល់ថ្ងៃ​ ព្រោះ​ពេលបាន​លុយកាន់តែច្រើន យើងបង្កើន​សកម្មភាព​ចាយលុយ​កាន់តែច្រើន​និងកាន់តែធំ។ ​ដូច្នេះ​ការ​គ្រប់គ្រង​លុយ ឬ​ការ​ដក​លុយ​ទៅ​សន្សំ​ គឺ​មិនមែន​ជា​បច្ចេកទេស​ដែល​មាន​ដំណើរការ​គ្រប់​កាលៈទេសៈទេ ឬ​និយាយ​ម្យ៉ាងទៀត វា​មាន​ដំណើរការ​លើ​មនុស្ស​ភាគ​តិច​តែ​ប៉ុណ្ណោះ ពិសេស​មនុស្ស​ណាដែល​មិនសូវមាន​សកម្មភាព​សង្គម(social life)។

បញ្ហា​ហិរញ្ញវត្ថុ​របស់យើង​ គឺស្ថិត​នៅ​ក្នុង​អាកប្បកិរិយា​របស់យើង​តែម្តង ហើយ​ដំណោះស្រាយ​របស់វា​គឺធ្វើការ​ផ្លាស់ប្តូរ​ អាកប្បកិរិយា​ហិរញ្ញវត្ថុ ដែលជាឫសគល់នៃបញ្ហារបស់យើង។ វាជា​មធ្យោបាយ​ដ៏ល្អ​បំផុត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​​។ អាកប្បកិរិយា​​របស់យើង​គឺជា​អ្នក​បំផ្លាញ​​ប្រាក់ចំណូល​ និងប្រាក់សន្សំ​របស់អ្នក។ គ្រាន់តែ​អ្នកធ្វើការ​ផ្លាស់ប្តូរ​វា ជីវិត​ហិរញ្ញវត្ថុ​របស់អ្នក ក៏​នឹង​ប្រែ​ប្រួល​ទៅតាម​នោះដែរ។

ដើម្បីអាច​ធ្វើការ​ផ្លាស់ប្តូរ​បាន​ មុនដំបូង​យើង​ត្រូវ​ដឹងថា ជាទូទៅ យើង​បាន​ចាយ​លុយ​លើ​អ្វីខ្លះ​។ យើង​ត្រូវ​សរសេរ​ការ​ចំណាយ​​របស់​យើង​តាំង​ពី​តូច​ដល់ធំ នៅ​ក្នុង​បរិបទ​មួយ​ខែ។ សូម​យក​​​​ការ​ចំណាយ​របស់ខ្ញុំ​មកធ្វើ​ជា​ឧទាហរណ៍។

នៅ​ក្នុង​ខែ​នីមួយៗ​ ភាគ​ច្រើន​ខ្ញុំ​ចាយ​លើ​ ៖

  1. ​កាហ្វេ Brown ​បី​ដង​ក្នុង​មួយ​សប្តាហ៍
  2. បាយខាងក្រៅផ្ទះ​ ទាំងបាយព្រឹក បាយ​ថ្ងៃ និង​បាយ​ល្ងាច
  3. ទិញ​អាវមួយ និងខោមួយ​នៅ​ចុងខែ
  4. ទិញ​កាហ្វេ​តាមផ្លូវបួន​កែវ​ក្នុង​មួយ​សប្តាហ៍
  5. ចំណាយលើ gym
  6. លើទឹកសុទ្ធ(ពេលខ្លះ)
  7. ថ្លៃ​ទឹក ភ្លើង និង​ផ្ទះជួល
  8. ពេលខ្លះ ទិញ​សៀវភៅមួយ​ក្បាល​នៅ​ចុងខែ
  9. សាំង​ម៉ូតូ
  10. អាហារពេលល្ងាចនៅ Pub នៅ​ចុងខែ
  11. លើ Wi-fi
  12. ភេសជ្ជៈ (ពេលខ្លះម្តងឬពីរដង​ក្នុង​មួយ​សប្តាហ៍)
  13. លាង​ម៉ូតូ

បន្ទាប់មក​យើង​ធ្វើការ​ផ្លាស់ប្តូរ​បន្តិចម្តងៗ​ ទៅតាមលទ្ធភាព​ជាក់ស្តែង​ដើម្បី​ចៀសវាងវា​ក្លាយ​ជា​សម្ពាធ​របស់យើង។​ ទីមួយ ជ្រើសរើស​អាកប្បកិរិយាណាមួយ​ដែល​យើង​អាច​កាត់បន្ថយ​បាន​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់អារម្មណ៍​របស់យើង។ ដូចក្នុង​ករណី​​​របស់ខ្ញុំ​ ខ្ញុំ​រកឃើញថា ខ្ញុំបាន​ចំណាយ​លើ​កាហ្វេ​ Brown ច្រើន​មែនទែន​ក្នុង​មួយ​សប្តាហ៍។ ឥឡូវ សូមធ្វើការ​គណនា​សាកល្បង​ ថាតើ​ខ្ញុំ​បាន​ចាយ​លុយ​ប៉ុន្មាន​លើ​វា​ក្នុង​មួយ​ខែៗ។

ខ្ញុំ​ចូលចិត្តទៅអង្គុយ​ធ្វើការ​នៅ Brown ហើយ​ជានិច្ចកាល​ខ្ញុំ​កុម្មង់​ Iced Latte ទំហំ​កណ្តាល ដែល​តម្លៃ 3.75$ ដូច្នេះ​ក្នុងមួយសប្តាហ៍គឺស្មើ 3.75$ x 3 = 11.25$ ឬមួយខែ​គឺត្រូវនឹង 11.25$ x 4 = 45$។ ដូច្នេះ​គ្រាន់តែ​ចំណាយលើកាហ្វេ Brown ខ្ញុំ​អស់លុយចំនួន 45$ ក្នុង​មួយ​ខែ។ ប្រសិនបើ​ខ្ញុំ​មាន​ប្រាក់ខែ ៣០០ដុល្លារ ក្នុង​មួយ​ខែ ដូចនេះ​ខ្ញុំ​បាន​ចំណាយប្រាក់ចំនួន ១៥% នៃប្រាក់ខែរបស់ខ្ញុំ​លើ​កាហ្វេ Brown ។ សម្រាប់​បរិបទ​របស់ខ្ញុំ​ ខ្ញុំគិតថា​វា​ច្រើន​ពេក​ហើយ ប៉ុន្តែ​ពីមុន​ខ្ញុំ​អត់បាន​ចាប់អារម្មណ៍​លើអាកប្បកិរិយា​នេះ​ទេ​។​ នៅពេលខ្ញុំ​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ជាញឹកញាប់ ខ្ញុំ​​ចាប់ផ្តើម​វិភាគ​លើ​អាកប្បកិរិយា​ចាយវាយ​របស់ខ្ញុំ​នៅក្នុង​ថ្ងៃ​នីមួយៗ ហើយ​រកឃើញ​ថា​អាកប្បកិរិយា​មួយ​នេះ​គួរ​ធ្វើការ​កាត់បន្ថយ​ខ្លះៗ។ វិធានការ​ដំបូង​របស់ខ្ញុំ​នោះគឺ កាត់បន្ថយ​ការ​ហូ​បកាហ្វេ​នៅ Brown ចំនួន​មួយ​ដង​ក្នុង​មួយសប្តាហ៍។ ពេលនេះ​​​ខ្ញុំ​ទៅ Brown តែ​ពីរ​ថ្ងៃទេ​ គឺ​ថ្ងៃ​ចន្ទ និង​ព្រហស្បតិ៍​។ មានន័យថា ខ្ញុំ​សល់​លុយ 3.75$ ក្នុងមួយសប្តាហ៍​ដោយ​ជំនួស​ការ​ហូ​ប​កាហ្វេ​កញ្ចប់​នៅ​ផ្ទះ​វិញ។ ខ្ញុំ​អាចធ្វើវាបាន ហើយ​វា​មិនប៉ះ​ពាល់អារម្មណ៍​របស់ខ្ញុំទេ ព្រោះ​ខ្ញុំ​នៅ​សល់​ពីរថ្ងៃ​សម្រាប់​ការ​ធ្វើការ​ផ្ទះ​នៅ​កាហ្វេ​ Brown។ បូកសរុបទៅ ក្នុងមួយខែ​ខ្ញុំ​នៅសល់ ១៥ដុល្លារ។

មុនដំបូង ខ្ញុំ​ព្យាយាម​ដូរ​អាកប្បកិរិយា​តែ​មួយ​នេះ​ និង​តែបន្តិចប៉ុណ្ណោះ។ ខ្ញុំ​មិន​បង្ខំ​ខ្លួនឯង​ជ្រុលពេក​នោះឡើយ។ ខ្ញុំ​ធ្វើវា​បាន​ពីរសប្តាហ៍​​ រហូត​បាន​មួយ​ខែ​ វា​ក៏ក្លាយ​ជា​ទម្លាប់របស់ខ្ញុំ។ រហូតទល់ពេល​បច្ចុប្បន្ន​ ជួនកាល​ខ្ញុំទៅ​ធ្វើការ​នៅ​កាហ្វេ Brown តែម្តង​​ប៉ុណ្ណោះ​ក្នុង​មួយសប្តាហ៍ ព្រោះ​ខួរក្បាល​របស់ខ្ញុំលែង​ចាត់​ទុក​វា​ជាសកម្មភាព​ចាំបាច់ដូចមុន។ លុយ​សល់​ចំនួន ១៥ដុល្លារ ខ្ញុំ​គ្រាន់តែ​ទុក​វា​នៅ​ក្នុងគណនី​ធម្មតា។ ខ្ញុំ​មិន​ចាំបាច់ត្រូ​វដាក់វា​នៅក្នុង​កូនជ្រូកសន្សំ ឬ​ក្នុង​គណនីពិសេស​​ណា​មួយ​នោះទេ។ ខ្ញុំ​បាន​​ដឹង​ច្បាស់ថា ឱ្យ​តែ​ខ្ញុំ​ទៅ​កាហ្វេ Brown តែពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ ខ្ញុំ​នឹងសល់លុយ​ចំនួន ១៥ដុល្លារ​ ក្នុង​មួយខែ។ តាមរយៈវិធីសាស្រ្ត​នេះ ទីមួយ​ខ្ញុំ​បាន​ផ្លាស់ប្តូរ​អាកប្បកិរិយា​បាន​ដោយ​ជោគ​ជ័យ និងទីពីរ ខ្ញុំស្រាប់តែ​កើត​ទំនុកចិត្ត​លើខ្លួនឯង។​ ខ្ញុំ​ឃើញ​ខ្លួន​ឯង​កាត់បន្ថយ​អាកប្បកិរិយា​ដែល​អត់សូវ​ចាំបាច់។ ខ្ញុំ​ទុកចិត្ត​លើ​ខ្លួនឯង​ថា ខ្ញុំ​នឹ​ង​មិនដកលុយ ១៥ដុល្លារ មកចាយឡើយ ទោះបី​ខ្ញុំ​ដាក់វា​នៅក្នុង​គណនី​ធម្មតា​ ដែល​អាច​មើល​ឃើញ​ជារៀងរាល់ថ្ងៃ​ក៏ដោយ។ នៅ​ក្រោយ​ពេល​ខ្ញុំ​បាន​បិទបញ្ចប់​អាកប្បកិរិយា​ដែល​ឥតចំាបាច់​មួយ​​បាន​រហូត​​ដល់ក្លាយ​ជា​ទម្លាប់ លុយ​នោះ​នឹង​សល់ជា​ស្វ័យ​ប្រវត្តិ​។

ក្រោយ​ពី​សាកល្បង​វាបាន​មួយខែ ហើយ​មើលឃើញ​ថា​ខ្ញុំ​ហាក់ដូចជា​នៅ​ធម្មតា​ និង​មើលឃើញ​អត្ថ​ប្រយោជន៍​របស់វា ខ្ញុំ​ចាប់ផ្តើម​អនុវត្ត​លើ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ជីវិត។ ដូចជា​ខ្ញុំ​ចេញ​ទៅ​ហូបអាហារ​ពេលព្រឹក​តែ​បួនដងប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ គឺ​តែ​ពេល​ណា​ខ្ញុំ​ចង់​ហូប​គុយទាវ ឬហ្វឺ​តែ​ប៉ុណ្ណោះ។ ថ្ងៃ​ដែល​នៅ​សេស​សល់ គឺ​ខ្ញុំ​ចម្អិនអាហារ​ដោយខ្លួនឯង។ ចំពោះ​អាហារ​ពេលល្ងាច​វិញ ចិត្ត​របស់ខ្ញុំ​ពេលនេះ​លែង​ចង់​​ទៅ​ហូ​ប​នៅ​ក្រៅ​ទៀត​ហើយ។ ក្រោយពេល​ដើរចេញ​ពី Gym ខ្ញុំ​ត្រូវ​ចម្អិន​អាហារ​ដោយខ្លួនឯង​ឡើង​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ ភាគច្រើនខ្ញុំ​ចេញ​ទៅ​ហូប​អាហារ​ពេល​ល្ងាចនៅ Pub នៅ​ចុងខែ​តែ​ប៉ុណ្ណោះ។ បូក​សរុបទៅ​ ខ្ញុំ​ហូប​អាហារ​ក្រៅ​ផ្ទះ​ប្រហែល​ជា​ចន្លោះ​ពី ៦០% ទៅ ៧០%​ តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ថ្ងៃ​នីមួយៗ។ ប៉ុន្តែ​ខ្ញុំ​មិនទាមទារ​ច្រើនពេក​នោះទេ។ ប្រសិនបើ​ខ្ញុំ​កាត់បន្ថយអាហារ​ក្រៅផ្ទះបានតែ ២០% គឺ​ល្អ​បំផុត​ចំពោះ​ខ្ញុំ។​ យើង​ត្រូវ​ធ្វើការ​លើ​អាកប្បកិរិយា​តែ​បី​ទៅបួន​ប៉ុណ្ណោះ ហើយ​ធ្វើ​ការ​កែប្រែវា​តែ​បន្តិចបន្តួច​ទៅបានហើយ។ ចូរ​កុំ​បង្ខំ​ខ្លួនឯង។

ពីមុន​ខ្ញុំ​ធ្លាប់សាកល្បង​ដាក់លុយ​ក្នុង​ហោប៉ៅ​ចំនួន ៤ម៉ឺន​រៀល សម្រាប់​ចាយ​ក្នុងពេលមួយថ្ងៃ។ ភាគច្រើន​ខ្ញុំ​ចាយអស់ ៤ម៉ឺនរៀល នេះ និង​ពេលខ្លះ​ខ្ញុំ​​ចាយអត់គ្រប់ទេ។ អ្នកប្រហែល​ធ្លាប់មាន​បទពិសោធន៍​បែបនេះ។ សម្រាប់ពេលបច្ចុប្បន្ន​ ភាគច្រើន​ខ្ញុំ​ចាយ​លុយ​តែ​ ១៥,០០០​រៀល ប៉ុណ្ណោះ​លើអាហារ​ក្រៅផ្ទះ។ ប្រសិន​បើ​គណនា​ត្រួសៗ ខ្ញុំ​សល់លុយប្រហែល ៦,០០០រៀល ក្នុង​មួយថ្ងៃ​​ពី​ការ​កាត់បន្ថយ​អាហារ​ក្រៅផ្ទះ។ បើ​មួយ​ថ្ងៃ​ខ្ញុំ​សល់លុយ ៦,០០០​រៀល ដូច្នេះ​មួយខែ​ខ្ញុំ​សល់លុយ ១៨០,០០០ រៀល ឬស្មើនឹង ៤៥ដុល្លារ ហើយ​បូកនឹង​លុយ​សល់ពីកាហ្វេចំនួន ១៥ដុល្លារ ទៀត សរុបទៅគឺស្មើ ៦០ដុល្លារ។ ឃើញទេ គ្រាន់តែ​ដូរ​អាកប្បកិរិយា​ត្រឹមតែបន្តិចបន្តួច​​ ខ្ញុំ​សល់លុយ ៦០ដុល្លារ​ ក្នុង​មួយខែ។​ ប្រសិនបើ​ខ្ញុំ​មាន​ប្រាក់ខែ ៣០០ដុល្លារ និងបើខ្ញុំ​ដក ១០% មកសន្សំ គឺ​ខ្ញុំ​សល់លុយ ៣០ដុល្លារ ក្នុង​មួយខែ តែ​បើខ្ញុំ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ឱ្យ​ក្លាយ​ទៅ​ជា​ទម្លាប់ ខ្ញុំ​នឹងសល់លុយ ៦០ដុល្លារ ក្នុង​មួយខែ។​ អ្វី​ដែលពិសេស​បំផុត លុយ ៦០ដុល្លារ​ នេះ​គឺជា​លុយ​ដែល​មាន​សុវត្ថិភាពជាងលុយ ៣០ដុល្លារ នោះទៅទៀត ទោះបីមិនបានមួយរយភាគរយ យ៉ាង​ហោច​ណាស់​​ឱ្យតែ​មាន​​សុវត្ថិភាព​ជាង​​ធម្មតាគឺប្រសើរ​ណាស់។ ការ​ដក​លុយមកសន្សំ​ដោយមិនទាន់បានផ្លាស់ប្តូរ​អាកប្បកិរិយា​ចាយ​លុយ គឺជា​យុទ្ធសាស្រ្ត​ដែល​មិនសូវ​មាន​ប្រសិទ្ធភាពនោះទេ។ លុយ​សន្សំ​របស់អ្នក​គឺ​នៅតែ​ស្ថិត​នៅ​តែ​ជា​ជន​រងគ្រោះ​របស់​អាកប្បកិរិយា​របស់អ្នក​ជានិច្ច។ ​​ ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ផ្នែក​ហិរញ្ញ​វត្ថុ គឺជា​យុទ្ធសាស្រ្ត​ថ្មី​មួយ​ដែល​ជួយការពារ​ប្រាក់ចំណូល​របស់អ្នកបាន។​

ជាចុង​ក្រោយ​ លុយ​ដែលហូរ​ចេញពី​ហោប៉ៅរបស់អ្នក​ មិនមែនបណ្តាលមកពី​អ្នក​គ្មាន​សមត្ថភាព​សន្សំ​ទុកដាក់នោះទេ​ វា​តាមពិត​គឺបណ្តាលមកអាកប្បកិរិយា​ចាយវាយ​របស់អ្នក។ ប្រសិនបើ​អ្នកមាន​ប្រាក់​ខែ​ច្រើន​គួរសមដែរ តែ​អ្នក​នៅ​តែ​ចាយសល់ថ្ងៃ វា​ជា​សញ្ញា​បង្ហាញ​ថា ជីវិត​របស់អ្នក​គឺ​កំពុង​មាន​មធ្យោបាយ​​ចាយលុយ​ច្រើនហួស​តម្រូវការ។ វិធីសាស្រ្ត​ដើម្បី​ដោះស្រាយ​បញ្ហានេះ ឬ​និយាយ​ឱ្យ​ស្រួលស្តាប់​ វិធីសាស្រ្ត​ដើម្បី​សល់លុយ គឺការកាត់បន្ថយ​មធ្យោបាយ​ចាយលុយ​របស់អ្នកនេះ មិនមែន​បង្កើត​សមត្ថភាព​​ដក​លុយ​ទៅសន្សំ​នោះទេ។ អ្នកមិនចាំ​បាច់​កំណត់គោលដៅ​ហិរញ្ញវត្ថុ​ក៏បាន តែ​បើ​អ្នក​ជា​មនុស្ស​ឧស្សាហ៍​ ​អ្នក​អា​ច​ឌីហ្សាញ​អាកប្បកិរិយា​ចាយ​លុយ​ប្រចំាថ្ងៃ​របស់អ្នក​ឱ្យបានច្បាស់លាស់​ក៏​កាន់តែ​ប្រសើរ។​ ប៉ុន្តែ​តាមរយៈ​ការ​យល់ឃើញ​របស់ខ្ញុំ ការកំណត់គោលដៅ​គឺប្រៀបដូចជា​ការ​កំណត់​សម្ពាធ​លើ​ខ្លួនឯង។ ដូច្នេះ ចូរ​ធ្វើ​វា​ងាយ​ៗ កុំ​ដាក់សម្ពាធលើខ្លួនឯងពេក។ អ្នកគ្រាន់តែ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ចាយលុយ​របស់អ្នក​ត្រឹមបន្តិចបន្តួច​គឺ​ជាការស្រេច។​ ភាគច្រើនអ្វី​ដែល​អាចធ្វើ​ឱ្យ​មាន​ការផ្លាស់ប្តូរ គឺ​ការ​ចោទសួរ​ខ្លួន​ឯងនៅ​មុនពេល​ដកលុយ​ចាយ​លើអ្វីមួយ​ដែល​យើង​​កំពុង​មាន​ភ្លើងចំណង់ខ្លាំង​ ៖ ​បើ​យើង​ឃ្លាន​កាហ្វេ តើ​គួរ​ទិញ​ Brown ឬ​​ទិញ​កាហ្វេ​តាមផ្លូវ? ពេលចង់ជួបជុំ​មិត្តភក្តិ តើគួរ​ទៅ​ហូប​នៅ​ Pub ឬ​ហូបអាហារ​តាម​ចិញ្ចើមផ្លូវ? ពេលចង់ទិញ​ខោអាវ តើគួរ​ទិញ​នៅ Zando ឬទិញ​នៅ​ផ្សារ​បឹងកេងកង? ពេលចង់ញុំាបៀ តើគួរ​ញុំា Heineken   ឬញុំាស្រាបៀ​កម្ពុជា? …….។ អ្នក​មិនចាំបាច់​ត្រូវ​បញ្ឈប់​អាកប្បកិរិយា​មួយនោះទេ អ្នកក្រាន់តែ​កាត់បន្ថយវា​ ឬជ្រើសរើស​ជម្រើសណា​ដែល​ចំណាយលុយ​តិច​​ គឺ​ជាការស្រេច។ ​ប្រសិនបើអ្នកធ្វើវា​បាន អ្នក​នឹង​សល់​លុយ!

និពន្ធ ៖ ដោ នីដា

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥​

Comments

Leave a comment