អ្នកបរាជ័យគោលដៅ ដោយសារ ….

មូលហេតុតែ​មួយគត់​ដែល​ធ្វើឱ្យអ្នកបរាជ័យ​គោលដៅ

មនុស្ស​គ្រប់​គ្នា​នៅ​ទីនេះ​ គឺសុទ្ធតែ​មាន​បទពិសោធន៍​ឈឺចាប់​ដោយសារ​ការ​បរាជ័យ​គោលដៅ​របស់​ខ្លួន។ ភាព​បរាជ័យ​ទាំង​នោះ​ថែមទាំង​បាន​ធ្វើ​ឱ្យ​យើង​កើតចិត្ត​សង្ស័យ​ចំពោះខ្លួនឯង។ ពេល​ខ្លះ​យើង​គិតថា មកពី​យើង​ជា​មនុស្ស​គ្មាន​វិន័យ ឬ​គ្មាន​សមត្ថភាព​ដូចគេ ឬកាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​នោះ គឺ​គិតថា​យើង​ជា​មនុស្ស​គ្មាន​បាន​ការ​ទៀត​ផង។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​ដែល​យើង​ស្តី​បន្ទោស​ខ្លួនឯង យើង​ក៏​ឆ្លៀត​ពេល​រក​លេស​ផ្សេង​ៗ​ដើម្បី​ការពារ​ខ្លួនឯង​ផង​ដែរ​ ៖ “មកពី​ខ្ញុំ​គ្មានពេលគ្រប់គ្រាន់” “មកពីខ្ញុំ​គ្មាន​កម្លាំង” ឬ “មក​ពី​ខ្ញុំ​ស្រេ្តសពេក និង​គ្មាន​អ្នក​គាំទ្រ”។ល។

ការបរាជ័យ​គោលដៅ គឺជា​ការពិត និង​គ្មាន​អ្វី​គួរ​ឱ្យ​ពិចារណា​នោះទេ ប៉ុន្តែ​អ្វី​ដែល​គួរ​ពិចារណានៅ​ក្រោយ​ពេល​បរាជ័យ ហើយ​វា​ក៏​គួរ​តែ​ជាទំនួលខុសត្រូវ​របស់យើង​ទៀតផង​ គឺ​មូល​ហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​យើង​​បរាជ័យគោលដៅនោះ? បើនិយាយ​ជាទូទៅ មូលហេតុ​ខាងលើ​គឺ​សុទ្ធតែ​ត្រឹមត្រូវ ៖ គោលដៅ​មួយ​តែង​ត្រូវការ​វិន័យ សមត្ថភាព ពេលវេលា កម្លាំងចិត្ត និង​ជំនួយ​ផ្សេងៗទៀត។ ប៉ុន្តែ​បើ​និយាយ​ឱ្យ​ចំ​ចំណុច ហេតុផលទាំងនេះ​គឺ​មិនត្រឹមត្រូវ​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ហេតុផល​បន្ទាប់បន្សំ​ទេ ហើយ​នៅ​ទី​នេះ​យើង​​ត្រូវការ​ស្វែងរក​មូលហេតុ​ជាមូលដ្ឋាន​របស់​បញ្ហា​ដ៏​សំខាន់នេះ។ ដូច្នេះ តើ​បញ្ហា​មួយ​នោះ​គឺជា​អ្វី​ដែរ​ទៅ?

អត្ថបទ​នេះ​នឹង​​បង្ហាញ​មុខ​បញ្ហាចម្បង​នោះ​ជូន​អ្នក។ វា​ជា​បញ្ហា​ចាស់ ឬអាច​និយាយថា​ វាជា​បញ្ហា​បុរាណ​ទៀតផង ប៉ុន្តែ​អ្នកគ្រាន់តែ​មិនដែល​ឮ ឬ​គ្រាន់តែ​គ្មាន​នរណា​ម្នាក់បាន​និយាយ​អំពីវា។ ក្រោយពេល​អ្នក​ដឹង​អំពីវា​ហើយ អ្នកនឹង​ឡើង​មួយ​កម្រិត​ទៀត ​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​សម្រេចគោលដៅ​បាន​ងាយ​ស្រួល​ជាង​មុន។ មែនហើយ វា​មិនមែនជា​បញ្ហាតែមួយ​គត់​ដែល​ធ្វើ​ឱ្យ​អ្នកបរាជ័យ​គោលដៅ​នោះទេ តែវា​ជា​បញ្ហា​ដែល​ចម្បងជាងគេ​​ដែល​បាន​បំផ្លាញ​គោលដៅជា​ច្រើន​របស់អ្នក។ បញ្ហានោះគឺ ៖​ មកពី​អ្នក​ចង់​បាន​លទ្ធផល​លឿន​​ពេក

ការឌីហ្សាញ​គោលដៅ​របស់​អ្នក គឺ​គ្មាន​បញ្ហានោះទេ ឬថា​មិនត្រូវ វា​ជា​ការ​ឌីហ្សាញ​ដ៏ល្អ​បំផុត​ទៀត​ផង ព្រោះ​មួយ​រយៈពេលចុង​ក្រោយនេះ អ្នក​បាន​រៀនច្រើនណាស់​អំពីរបៀបកសាង​គោលដៅពី​អ្នក​ជំនាញ​ល្បីៗ។ មួយ​ទៀត ពេល​អ្នកឌីហ្សាញ​គោលដៅ អ្នកក៏ដឹង​ខ្លួន​ច្បាស់​ថា​អ្នក​មាន​លទ្ធភាព​អាច​សម្រេច​វា​បាន មែនដែរទេ? ដូច្នេះ​បញ្ហា​មិនស្ថិតនៅ​លើផ្នែក​សម្ភារៈនោះទេ តែវា​ស្ថិត​នៅក្នុង​ផ្នែកខួរក្បាលរបស់អ្នកតែម្តង​ ហើយ​មនុស្សគ្រប់គ្នា​សុទ្ធតែ​មាន​បញ្ហា​នេះ​ដូចៗគ្នា។ ហេតុអ្វី? ព្រោះ​ខួរ​ក្បាលយើង​បាន​វិវត្ត​ឡើង​ដូចៗគ្នា ៖ ខួរក្បាល​ជា​សរីរាង្គ​ដែល​ចង់​បាន​លទ្ធផល​ភ្លាមៗ។ ​ខួរក្បាលមនុស្សបុរាណ​ ដូចជាមនុស្ស​សម័យ Homo Sapiens ត្រូវ​ការ​លទ្ធផល​ភ្លាមៗ​ទើប​អាចរស់រាន​មាន​ជីវិត​ទៅ​បាន។ នៅពេល​ឃើញ​លទ្ធផ​ល​នៅ​នឹង​មុខ (សត្វ​ព្រៃ) ទើប​ពួកគាត់​ធ្វើ​ការ​បើ​ក​ការ​វាយ​ប្រហារ​ ហើយ​ទទួល​លទ្ធផល​ភ្លាម​ៗ​ក្រោយពេល​វាយ​ប្រហាររួច។ ដូន​តា​របស់​យើង​​មិនដែល​បញ្ចេញ​កម្លាំង​ខ្លាំង​ក្លា​ ហើយ​រង់​ចំា​លទ្ធផល​(ឬ​ចំណី)​នៅ​សប្តាហ៍​ក្រោយ ឬ​សូម្បី​នៅ​ថ្ងៃ​ស្អែក​នោះឡើយ។ ខុស​ពី​មនុស្ស​បច្ចុប្បន្ន ដូនតា​របស់​យើង​មិនអាច​រស់នៅ​ដោយ​ការ​រង់ចំា​លទ្ធផល​បាន​នោះទេ ព្រោះ​ពួកគេ​នឹង​ដាច់ពោះ​ស្លាប់​ និង​គ្មាន​កម្លាំង​ដើម្បីរស់​នៅក្នុង​ប្រភេទ​ជីវិត​ត្រាច់ចរ​នោះ​​ឡើយ។ ដូច្នេះ​ខួរក្បាល​របស់​ពួកគាត់​ត្រូវ​ការ​លទ្ធផល​ភ្លាមៗ។ ឬ​និយាយម្យ៉ាង​ទៀត ពួកគេ​បញ្ចេញ​កម្លាំង​ខ្លាំង​ក្លា​តែ​នៅ​ពេល​ណា​ពួកគេ​មើលឃើញ​លទ្ធផល​(សត្វព្រៃ)​នៅ​នឹង​មុខ​តែ​ប៉ុណ្ណោះ។

ជា​អកុសល ពេលវេលា​បាន​កន្លង​ទៅ​រាប់ម៉ឺន​ឆ្នាំទៅហើយ ប៉ុន្តែ​ខួរក្បាល​របស់យើង​ហាក់ដូចជា​គ្មាន​ការ​ផ្លាស់ប្តូរ​ឡើយ។ តាម​រយៈការ​ស្រាវជ្រាវ ពូជ​មនុស្សដែល​ទំនើ​ប​បំផុត​ចុងក្រោយគេ គឺ​ Homo Sapiens នៅ​កាលពី​ជាង​ប្រាំសែនឆ្នាំ​មុន។  ខួរក្បាល​របស់​ពួកគេ​គឺ​មាន​ទំហំ​និង​តួនាទីដូច​ខួរក្បាល​របស់​មនុស្ស​យើង​បច្ចុប្បន្ន។ ការណ៍​នេះ​មានន័យថា ខួរ​ក្បាល​របស់យើង​នេះ​គឺជាកេរដំណែល​របស់​ដូនតាយើង ឬ​និយាយ​ម្យ៉ាង​ទៀត ៖ ខួរក្បាល​របស់យើង​គឺ​នៅតែ​ផ្តល់អាទិភាព​លើ​លទ្ធផលភ្លាមៗ។

តើអ្នកទៅ​ gym នៅ​ថ្ងៃនេះ ហើយ​​ឃើញ​លទ្ធផល​ក្រោយពេល​ហាត់ចប់​ឬទេ? តើ​អ្នក​ដាក់​លុយ​សន្សំចំនួន ២ម៉ឺន​រៀល​ នៅ​ថ្ងៃនេះ ហើយ​អ្នកក្លាយ​ជាអ្នកមាន​នៅ​ព្រឹកស្អែកឬទេ? ដូចគ្នា​ចំពោះ​សកម្មភាព​ផ្សេង​ទៀត ដូចជា​ការ​សិក្សា ការសម្រក់​ទម្ងន់ អាជីវកម្ម ការងារ។ល។ យើង​កំពុង​រស់នៅក្នុង​ពិភពលោកមួយ​​ដែល​ខុស​ទាំង​ស្រុង​នឹង​ពិភពលោក​របស់​ដូនតាកាលពី​រាប់ម៉ឺន​ឆ្នាំមុន។ ប៉ុន្តែ​ខួរក្បាល​របស់​យើង គឺ​នៅ​តែ​​ដដែល។ ដូច្នេះសេចក្តី​ចង់បាន​របស់មនុស្សយើងនាពេលបច្ចុប្បន្ន គឺ​មិនខុសពី​សេចក្តី​ចង់បាន​របស់​ដូន​តា​យើង​នោះឡើយ គឺ​ការ​ចង់​បាន​លទ្ធផល​ភ្លាមៗ ៖ ចង់​ក្លាយ​ជា​អ្នក​មាន​ភ្លាមៗ ចង់ស្រក់​ទម្ងន់ភ្លាមៗ ចង់​ឱ្យ​អាជីវកម្មជោគជ័យ​ភ្លាមៗ ចង់​ឡើង​ឋានៈ​ភ្លាមៗ ចង់​ល្បី​ភ្លាមៗ …..។ ខួរក្បាល​យើង​​មិនបាន​ប្រែ​ប្រួល​ទេ​ក្នុង​កំឡុងពេលជាច្រើន​ម៉ឺន​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ​ពិភពលោក​តែ​ងប្រែ​ប្រួល​ជានិច្ច ជា​ពិសេស​ពីរបី​រយ​ឆ្នាំ​ចុងក្រោយនេះ។​ ពិភពលោក​បាន​ប្រែប្រួល​ខុស​ឆ្ងាយ​ណាស់​ពី​សម័យ​ដូនតារបស់យើង។ សព្វថ្ងៃ​ វា​បាន​ក្លាយ​ជា​ពិភពលោក​ដែល​ទាមទារ​ការ​រង់ចំា។ អ្នកធ្វើ​ការ​នៅ​ថ្ងៃនេះ តែ​ប្រាក់បៀ​វត្ស​របស់​អ្នករង់ចាំ​នៅ​ចុងខែ។ អ្នក​បើក​ហាង​កាហ្វេ​នៅ​ថ្ងៃ​នេះ តែមួយ​ឆ្នាំ​ក្រោយ​ទើប​​អ្នក​ឃើញ​ប្រាក់​ចំណេញ។ អ្នក​ទទួលបាន​សង្សា​នៅ​ថ្ងៃនេះ តែ​ប្រាំឆ្នាំ​ក្រោយ​ទើប​នាង​ក្លាយ​ជា​ប្រពន្ធរបស់អ្នក។ អ្នក​​ចូល​ gym នៅ​ថ្ងៃ​នេះ តែ​បីឆ្នាំ​ក្រោយ​ទើប​អ្នកឃើញ​រាងកាយ​របស់អ្នក​ហ្វីត​ដូច​ការ​ចង់បាន​របស់អ្នក។ ដើម្បី​រស់រាន​មាន​ជីវិត​នៅក្នុង​ពិភពលោក​បច្ចុប្បន្ន​នេះ​បាន​ អ្នកត្រូវ​តែ​ចេះរង់ចាំ។ ដូច Bill Gates បាន​និយាយថា “Patience is a key element of success.” ឬ “ភាព​អត់ធ្មត់​ គឺ​គន្លឹះ​សំខាន់​នៃ​ភាព​ជោគជ័យ”

 

ការ​រង់ចំា គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ប្រកួត​ហ្គេម​នៅ​សម័យបច្ចុប្បន្ន។ ពិភព​លោក​មិនបាន​ផ្លាស់ប្តូរ​ហ្គេមជីវិត​នោះទេ ដ្បិត​អីយើង​នៅ​តែ​រស់​នៅ​ដោយ​ពឹង​លើ​ការ​ប្រមាញ់ដដែល។ មានតែ​ការ​ប្រមាញ់​ទេ​​ ទើប​យើងអាច​ទទួល​លទ្ធផលបាន។ ប៉ុន្តែ​អ្វី​ដែល​បាន​ផ្លាស់ប្តូរ​ គឺ​របស់​ដែល​យើង​ត្រូវ​ប្រមាញ់។ យើង​លែង​ប្រមាញ់​សត្វ​ព្រៃ​ទៀត​ហើយ។ សម័យនេះ យើង​ត្រូវ​ការ​ប្រមាញ់​លុយ ឋានៈ កិត្តិយស​ ឡាន វិឡា សុខភាព ក្តីសុខ ចំណាប់អារម្មណ៍ ​ការ​សរសើរ អាជីវកម្ម ការ​បន្សល់ទុកស្នាដៃ។ល។ ពិភពលោក​បច្ចុប្បន្ន​នេះ​មាន​របស់​ប្រមាញ់ច្រើន​ប្រភេទ​ណាស់ គឺ​ច្រើន​ជាង​សម័យ​ណា​ៗ​ទាំង​អស់​នៅក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​លោក​ ហើ​យ​ការ​ប្រមាញ់​ភាគច្រើន​គឺ​ទាមទារ​ឱ្យ​អ្នក​ឈរ​នៅ​ក្នុង​បន្ទាត់រង់ចាំ។ ចូរ​កុំ​រំពឹង​ថា​ ធ្វើការ​ប្រាំបីម៉ោងរួច​ អ្នកអាច​ច្បាម​យក​លុយ​ ៣០០ដុល្លារ ពី​ថៅកែ​​ហើយ​ត្រឡប់មកផ្ទះ​វិញ​ឱ្យសោះ។ សូម្បី​តែ​ CEO ក៏​ត្រូង​រង់​ចំា​​រហូតដល់ចុងខែ​ដែរ​ ទើប​គាត់​អាច​ទទួលបាន​ប្រាក់បៀវត្ស។

ការ​វិវត្តន៍​លឿនរហ័ស​របស់​សង្គមមនុស្សនេះ បានបន្សល់​ទុក​នូវ​បញ្ហា​ធ្ងន់​ធ្ងរមួយ ​ជា​អាវុធ​លាក់មុខ​ដែល​បាន​សម្លាប់​មនុស្ស​ យ៉ាង​ហោចណាស់​សម្លាប់​ផ្លូវ​ចិត្ត​របស់​ពួកគេ។ ពិភពលោក​យើង​បាន​ធ្វើ​ឱ្យ​កើត​ឡើង​ភាព​ផ្ទុយគ្នា​រវាង ​“របស់ប្រមាញ់” និង​ “ខួរក្បាល”​ របស់យើង។ គ្មាន​អ្វី​ដែល​ពិបាកចិត្តជាង​ការ​រង់ចំាប្រាក់ខែ​​នៅថ្ងៃ​ទី៣០​ នោះទេ ជាពិសេស​ពេលលុយ​អស់ពី​ហោប៉ៅ​នៅថ្ងៃទី១៥។ យើង​កើត​សេចក្តី​ខក​ចិត្ត​​និង​អស់​សង្ឃឹម​ខ្លាំង​សម្បើមណាស់​នៅពេល​ចូល​ gym សឹងតែ​កន្លះ​ឆ្នាំ​តែ​ទទួល​លទ្ធផល​តិច​តួច​សឹង​មើល​មិនឃើញ និងមាន​អារម្មណ៍​រន្ធត់ទៀត​ផង​ពេល​គ្រូបង្វឹក​ប្រាប់ថា ពីរឆ្នាំ​ទៀតទើប​យើង​ឃើញ​លទ្ធផល។ ​ការ​រង់ចាំ​លទ្ធផល គឺ​ធ្វើ​ឱ្យ​ខួរក្បាល​របស់យើង​មាន​ភាពតានតឹង ព្រោះ​ខួរក្បាល​របស់​យើង​ដើម​ឡើយ​មិនមែនកសាងឡើង​ដើម្បី​រង់ចំាលទ្ធផលនោះទេ។ ស្ថានភាព​នេះ​ប្រហែល​ជា​បាន​កើតឡើង​តាំង​ពី​សម័យ​បដិវត្តន៍​កសិកម្ម​កាល​ពីជាង​មួយម៉ឺនឆ្នាំ​មុន​មកម្ល៉េះ ជាពេល​ដែល​មនុស្ស​អង្គុយ​ចាំ​អាហារ​របស់ខ្លួន​​ដែល​កំពុង​ដុះ​បន្តិចម្តងៗ​នៅលើវាលស្រែ។ ទោះបីមនុស្សយើង​បាន​បន្សំា​ខ្លួនជាមួយ​នឹង​ការ​រង់ចំា​អស់​ពេល​រាប់ម៉ឺនឆ្នាំ​បែបនេះ​ទៅហើយក៏ដោយ​ ក៏ប៉ុន្តែ​ខួរក្បាលរបស់​យើង​នៅតែ​មិនព្រមផ្លាស់ប្តូរ​របៀប​ដែល​វា​ដោះ​ស្រាយ​បញ្ហាឡើយ គឺ​វា​នៅតែ​ចង់បាន​លទ្ធផល​ភ្លាមៗ​។ វា​បាន​ក្លាយ​ជា​បញ្ហា​ធំ​បំផុត​មួយ​របស់​មនុស្ស​សម័យ​​ទំនើ​បនេះ។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យយើង​បរាជ័យ​គោលដៅ​ជាច្រើន​របស់យើង។​ នៅក្នុង​សម័យ​នេះ មនុស្ស​យើង​បាន​បរាជ័យ​គោលដៅ​ច្រើន​បំផុត​ គឺច្រើនជាង​សម័យ​ណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​​ជាតិ។ ដូនតា​របស់យើង ទោះបី​រស់នៅ​ជ្រុង​ណា​ក៏ដោយ​នៅលើ​ផែនដី គឺ​កម្រ​បោះ​បង់​គោលដៅ​របស់​ខ្លួន​ណាស់។ បើ​ពួកគាត់​សម្រេចចិត្តថា​បើកការ​ប្រមាញ់សត្វ​មួយណាហើយ ពួកគាត់ប្រមាញ់វា​ទាល់​តែ​បាន។ ពួកគាត់សុខចិត្ត​បរាជ័យ​ក្នុងការ​ប្រមាញ់ តែ​មិនបោះ​បង់គោលដៅ​ចោល​ដូច​មនុស្ស​សម័យ​បច្ចុប្បន្ន​ឡើយ ហើយ​ការបោះបង់នេះ​បានក្លាយ​ជា​អាវុធ​កំបាំងមុខមួយ​ដែល​សម្លាប់គោលដៅ​ជាច្រើន​របស់យើង។ អ្នក​ប្រាកដជា​នឹង​ជឿ​ពាក្យ​នេះ ប្រសិនបើអ្នកគិតត្រឡប់ទៅក្រោយវិញ ថាអ្នកបាន​បោះ​បង់គោលដៅ​ប៉ុន្មាន​នាពេលកន្លងមកនេះ។

តើហេតុអ្វី​បោះបង់គោលដៅ​?

អត្ថបទនេះ​មិនត្រឹមតែ​បកស្រាយ​មូលហេតុ ដែល​យើង​បរាជ័យ​គោលដៅ​តែប៉ុណ្ណោះទេ តែ​ក៏នឹង​បក​ស្រាយទស្សនៈវិជ្ជាមួយ​​ដែលនឹង​ជួសជុល​បញ្ហានេះ។ បញ្ហាធំ​បំផុត​ដែល​បណ្តាល​ឱ្យ​យើង​បរាជ័យ​គោលដៅ​​ គឺមកពីយើង​មិនអាចរង់ចាំ​លទ្ធផល​បាន​យូរ​គ្រប់គ្រាន់។ ការមិនចេះ​រង់ចាំ​ធ្វើ​ឱ្យ​យើង​បោះបង់​គោលដៅ ហើយ​​ការ​បោះ​បង់​គោលដៅ គឺ​ធ្វើ​ឱ្យ​យើង​បរាជ័យ​ទាំងស្រុងតែម្តង។

ដូច្នេះ​តើអ្វី​ជា​ដំណោះស្រាយ?

មាន​ដំបូន្មាន​មួយ​ដែល​យើង​គួរ​ពិចារណា ៖ “យើងមិនមែន​តាំងចិត្តធ្វើសកម្មភាព​នោះទេ ប៉ុន្តែ​យើង​តាំងចិត្តរង់ចំា​លទ្ធផល​ដែល​យើង​ចង់បាន”។ តាម​រយៈទស្សនៈវិជ្ជាចាស់ យើងតែង​ដាក់ការ​ប្រឹងប្រែង​លើ​សកម្មភាព​ដែលយើងធ្វើ ៖ ត្រូវ​ទៅ gym ឱ្យបាន​រៀងរាល់ថ្ងៃ ត្រូវ​តាំងចិត្តតមអាហារ ត្រូវតែ​បង្ហាញ​ខ្លួន​នៅ​ហាងរាល់ថ្ងៃ ត្រូវ​ប្រឹងធ្វើការឱ្យ​ដល់ពាក់កណ្តាលយប់អធ្រាត្រ។ល។ មិនយូរ​ប៉ុន្មាន ក្រោយពេល​អ្នក​បាន​ចាប់ផ្តើម អ្នកស្រក់កម្លាំងចិត្ត អ្នកលែងចាប់អារម្មណ៍លើគោលដៅ​បន្តិចម្តងៗ ហើយក៏​បោះបង់វា​ចោល​តែ​ម្តង។ អ្នកគិតថា មកពីអ្នកជាមនុស្ស​គ្មាន​វិន័យ គ្មានភាពតស៊ូ គ្មានសមត្ថភាពជាដើម។ ប៉ុន្តែ​តាមពិត អ្វី​ដែល​បាន​​ធ្វើ​ឱ្យ​អ្នកបាត់បង់កម្លាំងចិត្ត​នោះ គឺ​ការ​មិនទាន់ឃើញ​លទ្ធផល​ដែល​អ្នកចង់បាន។

ដូច្នេះ​បញ្ហា​ចម្បង​ជាងគេ គឺ​មិនមែន​កង្វះ​ខាត​ភាព​តស៊ូ ឬ​ការ​ខ្វះ​វិន័យ​នោះទេ តែ​អ្នកខ្វះ​ខាត​ភាព​អត់ធ្មត់ក្នុងការ​រង់ចាំ​លទ្ធផល។ ប្រសិនបើ​អ្នកអាច​រង់ចាំ​ដោយមិន​អន្ទះសារ ឬកាន់តែពិសេស អ្នកអាច​រង់​ចំា​ដោយ​សេចក្តីរីករាយ អ្នកប្រាកដជា​មិន​បោះ​បង់​គោលដៅ​របស់អ្នកនោះឡើយ។ អ្នកនឹង​ជោគជ័យ​គោលដៅ​ភាគច្រើន​របស់អ្នក។ ហេតុអ្វី​បានជា​យើង​មិនចាំបាច់ត្រូវ​ផ្តោតលើការតស៊ូ​ផ្នែក​សកម្មភាព? ហេតុផលទី១​​៖ សកម្មភាព​​គឺ​មិនមែនជា​កត្តាដែលបំបាក់ទឹកចិត្តរបស់អ្នកនោះទេ។​ អ្នកមិនមែន​បាក់ទឹកចិត្ត​ដោយសារ​បាន​ក្រោក​ពីគេង​ម៉ោង 5am បានតែ​មួយថ្ងៃ ឬ​ទៅ gym បានតែ​មួយ​សប្តាហ៍ ឬ​តមអាហារបានតែ​កន្លះខែ នោះឡើយ។ រាល់សកម្មភាព​ដែល​អ្នកបានធ្វើ សូម្បីតែម្តង​ក៏ដោយ គឺ​ជាកត្តាដែលបានលើកទឹកចិត្តអ្នក វា​ជា​លទ្ធផល វាជាការ​បាន​បំពេញ​តាមការសន្យា​និងផែនការ​របស់អ្នក។ បើអ្នកបានទៅ gym បានតែ​មួយថ្ងៃ អ្នកគួរ​តែ​សប្បាយចិត្ត​ព្រោះអ្នកបានធ្វើ​តាមការសន្យាបាន​ម្តងដែរ មែនដែរទេ? ហេតុផលទី២៖ សកម្មភាព​គឺជា​ផ្នែកដែលងាយស្រួល​នៅក្នុងការធ្វើដំណើរទៅកាន់​គោលដៅ​អ្វីមួយ។ ប្រសិនបើអ្នកអាច​ទៅ gym បាន​តែពីរសប្តាហ៍ អ្នកនឹងរកឃើញ​ថា ការ​ទៅ​ gym គឺជា​សកម្មភាព​ងាយស្រួល ហើយ​បើអ្នកទៅបានតែមួយខែ អ្នកនឹង​ញៀន​ gym មិនខាន។ អ្នកនឹង​និយាយថា អ្នកមិនអាច​អត់ទៅ gym បានទេ។ ដូច្នេះ​ផ្នែក​សកម្មភាពគឺមិនពិបាក​ដូច​ការ​យល់ឃើញ​របស់អ្នកឡើយ។ ប៉ុន្តែមានរបស់តែមួយ​ប៉ុណ្ណោះ​ដែល​ពិបាក​បំផុត គឺការរង់ចាំលទ្ធផលដែលអ្នកចង់បាន។ អ្នកទៅ gym ប្រាំថ្ងៃ​ក្នុងមួយសប្តាហ៍ អ្នកត្រូវរង់ចំាដល់ចុង​ឆ្នាំ​ទើប​ឃើញ​លទ្ធផលខ្លះៗ និងថែម​បួនឆ្នាំទៀត ទើបអ្នកឃើញ​លទ្ធផលជាអតិបរមា។ តើអ្នកអាច​រង់ចាំ​បាន​យូរ​ដល់ថ្នាក់ហ្នឹងដែរទេ? ប្រសិនបើអ្នកមាន​ភាពអត់ធ្មត់​ អាចរង់ចំាបាន អ្នក​នឹងជោគជ័យ។

ឥឡូវយើងមកដល់សេចក្តីបញ្ចប់ហើយ។ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកជា​សង្ខេបថា អ្នកបរាជ័យ​គោលដៅ​គឺដោយសារ​តែ​អ្នកបោះបង់វា ហើយអ្នកបោះបង់វាគឺដោយសារតែអ្នក​​មិនឃើញ​លទ្ធផល​កើ​ត​ឡើង​​ភ្លាមៗ។ ដូច្នេះ​ ចាប់ពីពេលនេះ​តទៅ អ្វី​ដែល​យើងចាំបាច់ត្រូវ​ធ្វើ គឺ​រៀនបង្វឹកខួរក្បាល​ខ្លួនឯង​ឱ្យ​ចេះ​អត់ធ្មត់ ចេះរង់ចាំលទ្ធផលចុងក្រោយ​ដែល​យើងចង់បាន និង​រៀនមើល​តម្លៃ​របស់សកម្មភាព​ដែល​យើង​ធ្វើនៅក្នុងថ្ងៃនីមួយៗ។ បើអ្នកអាច​រង់ចាំ​រហូត​ដល់ចុងឆ្នាំ​ អ្នកនឹងឃើញ​រាងកាយ​ហ្វីត​ជា​បណ្តើរៗ។ បើអ្នក​អាច​រង់ចាំដល់ចុងឆ្នាំទី៥ អ្នក​ឃើញប្រាក់ចំណេញ​ហូរចូល​ក្នុង​អាជីវកម្មរបស់អ្នក។ បើអ្នកអា​ចរង់ចាំ​រហូត​ផុត​បួនឆ្នាំ អ្នកនឹងទទួលបានបរិញ្ញាបត្រ ………..។ ការរង់ចាំ គឺជា​គន្លឹះ​នៃភាពជោគជ័យ។

Note ៖ ពេលខ្លះ​គោលដៅរបស់អ្នកមិនសាកសមនឹង​តម្លៃនៃពេលវេលា​របស់អ្នកឡើយ។ ដូច្នេះ​អ្នក​មិនចាំបាច់ត្រូវរង់ចាំរហូតដល់ចុងពេលវេលា​ទៅតាមផែនការ​នោះទេ។ ចូរបោះបង់​ ហើយ​ងាកទៅ​ចំណាយ​ពេល​លើ​គោលដៅផ្សេង។

និពន្ធ ៖ ដោ នីដា

Comments

Leave a comment